គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ម្ហូបខ្មែរទទួលបានពានជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ

កាលបរិច្ឆេទ: ១៩ ធ្នូ ២០២៣ / ជិវិត និងសង្គម

ក្នុងអំឡុងពេលតែមួយខែប៉ុណ្ណោះ ម្ហូបខ្មែរទទួលបានពានចំនួនដល់ទៅបីនៅលើឆាកអន្តរជាតិ។ ដំបូង អង្គការយូនេស្កូបានដាក់ទីក្រុងបាត់ដំបងទៅក្នុងចំណោមទីក្រុងដែលមានភាពច្នៃប្រឌិតខាងម្ហូបអាហារ។ បន្ទាប់មក សៀវភៅធ្វើម្ហូបចំនួនពីរក្បាលគឺ « Saoy, Royal Cambodian Home Cuisine » ឬ «សោយ»

 និង « The Taste of Angkor » ទទួលបានពានអន្តរជាតិជាបន្តបន្ទាប់ពីពានរង្វាន់ Gourmand World Cookbook Awards លើកចុងក្រោយដែលប្រព្រឹត្តទៅនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ពានរង្វាន់សៀវភៅធ្វើម្ហូប The Taste of Angkor ដែលបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាសក្ខីភាពបង្ហាញពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតទំនាក់ទំនងការទូតផ្នែកម្ហូបអាហារ។

នៅឆ្នាំ២០២១ និង២០២២ សៀវភៅ The Taste of Angkor ទទួលបានពានរង្វាន់ក្នុងប្រភេទ «សៀវភៅធ្វើម្ហូបអាស៊ីល្អដាច់គេ» និង «ប្រមុខរដ្ឋ/ចំណីអាហារ» ក្នុងឱកាសប្រកួតប្រជែងដណ្តើមពានរង្វាន់ «Gourmands Awards »​ ដែលបង្កើតឡើងដោយលោក Edouard Cointreau កាលពីឆ្នាំ១៩៩៥។

ម្យ៉ាងវិញទៀត រូបមន្តធ្វើម្ហូបចំនួន៧មុខដកស្រង់ចេញពីសៀវភៅមួយក្បាលនេះមុខត្រូវបានផលិតជាវីដេអូ និងទទួលបានពានរង្វាន់ Best Television Awards 2023 ក្នុងឱកាសប្រកួតប្រជែងដណ្តើមពានរង្វាន់ «Gourmands Awards »​ ដដែល។

វីដេអូនេះផលិតឡើងខណៈពេលដែល​មានវគ្គបណ្តុះបណ្តាលអ្នកការទូតខ្មែរក្នុងក្របខ័ណ្ឌបង្កើតទំនាក់ទំនងការទូតផ្នែកម្ហូបអាហារដើម្បីផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារខ្មែរនៅលើឆាកអន្តរជាតិ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «ពានរង្វាន់ដែលទទួលបានឆ្នាំនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលនយោបាយរបស់ក្រសួងក្នុងការផ្សព្វផ្សាយលើកកម្ពស់ម្ហូបខ្មែរ គឺជាមោទកភាពមួយដ៏ធំសម្រាប់ជាតិខ្មែរ។ កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺចង់ឃើញពិភពលោកទាំងមូលទទួលស្គាល់មុខម្ហូបខ្មែរដែលជាកេរមរតកបន្សល់ទុកពីដូនតាយើងរាប់ពាន់ឆ្នាំមកហើយ»។

ក្នុងឱកាសប្រកួតប្រជែងដណ្តើមពានរង្វាន់ «Gourmands Awards »​ ដដែលនេះ សៀវភៅធ្វើម្ហូបដែលមានចំណងជើងថា « Saoy, Royal Cambodian Home Cuisine » ឬ «សោយ» ទទួលបានពានរង្វាន់មិនតិចជាងបីនោះទេ ដែលក្នុងចំណោមនោះ ពានមួយដែលល្បីជាងគេគឺ Best of the Best award។ សៀវភៅមួយនេះដែលមានកម្រាស់២២០ទំព័រនាំអារម្មណ៍អ្នកអានឲ្យទៅស្គាល់ពីមុខម្ហូបបុរាណខ្មែរនៅក្នុងព្រះរាជវាំងដែលជាព្រះរាជនិពន្ធរបស់ម្ចាស់ក្សត្រីនរោត្តម រស្មីសោភ័ណក្នុងឆ្នាំ១៩៥០ និង១៩៧០។ អ្នកស្រីរស់ រតនៈដែលអ្នកផងស្គាល់ថា Chef Nak និងជាអ្នកផ្តួចផ្តើមបោះពុម្ពផ្សាយសៀវភៅធ្វើម្ហូប «សោយ» បានយកមុខម្ហូបទាំងអស់នោះមកកែច្នៃបន្ថែម ដោយមានការចូលរួមរចនាជារូបភាពដោយលោកសុត សេរី និងរូបថតដោយលោកឡា ម៉ូ ដែលជានាយកបោះពុម្ពផ្សាយផងដែរ។ នៅពីក្រោយពានរង្វាន់ទាំងអស់នេះ ចំណុចសំខាន់បំផុតគឺភាពសម្បូរបែបនៃផលិតផលកសិកម្ម ចំណេះធ្វើពីបរមបុរាណ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដែលត្រូវទទួលបានការសាទរ។ មុននេះបន្តិច ការដាក់ទីក្រុងបាត់ដំបងទៅក្នុងចំណោមទីក្រុងដែលមានភាពច្នៃប្រឌិតខាងម្ហូបអាហារបានបង្ហាញយ៉ាងច្បាស់ក្រឡែតពីភាពល្អឥតខ្ចោះនៃផលិតផលក្នុងស្រុក និងចំណេះធ្វើដែលត្រូវបានទទួលស្គាល់ទូទាំងប្រទេស។ អង្ករផ្ការំដួលបាត់ដំបងទទួលបានចំណាត់ថ្នាក់លើកទីប្រាំថាជាអង្ករឆ្ងាញ់ជាងគេនៅលើពិភពលោកកាលពីឆ្នាំមុន។ បាត់ដំបងក៏មានផលិតផលល្អៗពិសេសៗ ផ្សេងៗទៀតផងដែរ តែពុំសូវមានអ្នកណាដឹងឡើយ ដូចជាស្ករត្នោតកំពង់ស្ពឺដ៏មានឱជារសឈ្ងុយឆ្ងាញ់ និងបន្លែ ផ្លែឈើជាច្រើនមុខទៀត។ ទីក្រុងនេះពុំមានមេចុងភៅល្បីៗ ឬក៏ភោជនីយដ្ឋានឆើតឆាយអ្វីទេ តែមានម្ហូបបែបប្រពៃណី និងភោជនីយដ្ឋានក្នុងស្រុក៕